គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

រត់ដើម្បីកុមារ ដើម្បីអនាគតយើង!

កាលបរិច្ឆេទ: ០៨ មិថុនា ២០២៦ / សុខភាព / Author : ATH Sokren

ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល និងក្រុមហ៊ុនចែកចាយឱសថ FAES Farma បានជួយគាំទ្រដល់កម្មវិធី «រត់ដើម្បីកុមារ ដើម្បីអនាគតយើង» ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែឧសភា ដោយរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅបុរីប៉េងហួតបឹងស្នោ។ បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន នេត ភក្ត្រា ការរត់ប្រណាំងនេះមានអ្នកចូលរួមប្រមាណ១៧០០នាក់ដែលមាន១១សញ្ជាតិ និងប្រមូលបានជំនួយ ១០០ លានរៀល សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានរម្លឹកផងដែរថា មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងនៅសៀមរាបបានជួយព្យាបាល កុមារជាងមួយលាននាក់ និងជួយសម្រាលកូនដល់ស្រ្តីជាច្រើននាក់កាលពីឆ្នាំ២០២៥ ហើយថវិកាប្រចាំឆ្នាំគឺ ៤៦ លានដុល្លារ គឺស្មើនឹងប្រមាណ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អ្នកឧបត្ថម្ភទាំងអស់ និងបានគូសបញ្ជាក់ថាការចូលរួមនេះគ្រាន់តែជាចំណែកដ៏តូចមួយប៉ុណ្ណោះបើធៀបទៅនឹងតម្រូវការជាក់ស្តែងប្រចាំថ្ងៃរបស់មន្ទីរពេទ្យ។

 សកម្មភាពមនុស្សធម៌នេះដែលធ្វើឡើងក្នុងបំណងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារជាពិសេសចំពោះកុមារមកពីគ្រួសារក្រីក្រ បង្ហាញច្បាស់ពីស្មារតីសាមគ្គីភាពរបស់អ្នកចូលរួមទាំងអស់ និងពាំនាំមកនូវក្តីសង្ឃឹម និងភាពសប្បាយរីករាយដល់កុមារកម្ពុជា៕